ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕















