ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃ ថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃ ថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន


ភ្នំពេញ៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន។


លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យ បានលើកឡើង ៦ចំណុច ឆ្លើយតបទៅនឹងការបំភ្លៃរបស់សារព័ត៌មានថៃ នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដូចខាងក្រោម៖

ទី១៖ កម្ពុជាសូមបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។ 

ទី២៖ កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។ បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ទី៣៖ ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។ ទង្វើនេះជាការបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។

ទី៤៖ ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ។

ទី៥៖ អ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។

ទី៦៖ កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ ៕










Previous Post Next Post