ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជុក នៅទីស្នាក់ការគណបក្សឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, សកម្មជនគណបក្ស និងគណៈចលនាស្ត្រី សរុបប្រមាណ ២០០នាក់។
ជាកិច្ចចាប់ផ្ដើម លោកស្រី ប៉ែន សោភា ប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយជុក បានធ្វើរបាយការណ៍ស្វាគមន៍អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារគណបក្សក្នុងមូលដ្ឋានឃុំស្វាយជុក ជូនអង្គពិធី។ បន្ទាប់មកឯកឧត្តម សាន វិសាល បានអានសេចក្ដីសម្រេចស្ដីពីការតែងតាំងប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជុក។ បន្ទាប់ពីការអានរបាយការណ៍ស្វាគមន៍ និងការអានសេចក្ដីសម្រេចរួច ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូនឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងឃុំស្វាយជុក ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍សំណេះសំណាល ដោយថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សមាជិកគណបក្សឃុំស្វាយជុក ដែលតែងតែស្រឡាញ់ ជឿជាក់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគ្រប់អាណត្តិ និងថ្លែងករកោតសរសើរក្រុមការងារចុះមូលដ្ឋានដែលបានបំពេញតួនាទី និភារកិច្ចសំខាន់ក្នុងការជួយគាំទ្រគណបក្សមូលដ្ឋានទាំងស្មារតី និងធនធាន សំដៅថែរក្សា ការពារ និងកសាងសមិទ្ធផលឱ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានមានការរីកចម្រើន និងចូលរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ នេះជាការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបិតាសន្តិភាព ជាស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលគឺបានធ្វើអ្វីៗ ក្នុងបុព្វប្រជាជន និងមាតុភូមិកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធាន ផ្តល់អនុសាសន៍មួយចំនួន ជូនចំពោះក្រុមការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង ការអនុវត្តតួនាទី និងភារកិច្ច ដោយយកចិត្តទុកដាក់អនុវត្ត និងមានប្រសិទ្ធភាព ដូចខាងក្រោម៖
១-ត្រូវបន្តអនុវត្តភារកិច្ច និងទិសដៅដែលគណបក្សប្រគល់ជូនឱ្យសកម្មដោយបន្តចុះចិញ្ចឹមចលនាតាមខ្នងផ្ទះឱ្យបាន គ្រប់ភូមិ ដើម្បីផ្សព្វផ្យាយនយោបាយគណបក្ស ក្តាប់ឱ្យបានសតិអារម្មណ៍ នយោបាយ និងចុះសួរសុខទុក្ខស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងក្តាប់នូវសកម្មភាពរបស់ក្រុមប្រឆាំង ងាយស្រួលវាយបកវិញភ្លាមៗ ការពារប្រជាប្រិយភាពគណបក្ស។
២-ត្រូវបន្តគាំទ្រ និងលើកកម្ពស់គុណតម្លៃសន្តិភាព ដឹងគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងចូលរួមកំចាត់នោយបាយជ្រុលនិយមដឹកនាំដោយក្រុមប្រឆាំងអគតិ ព្រមទាំងសូមចូលរួមគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ។
៣-ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សជាប្រចំា អូសទាញកម្លាំងប្រឆាំងឱ្យចូលរួមជីវភាពជាមួយគណបក្ស និងសូមយកចិត្តទុកដាក់បន្ថែមចំពោះពលករដែលត្រលប់មកពីប្រទេសថៃវិញ ដោយបញ្ចូលគាត់ជាសមាជិកបក្ស។
៤-ត្រូវបន្តធ្វើអំពើល្អ តាមរយៈការផ្តល់សេវាសាធារណៈគាប់ចិត្ត និងជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពនិងជំនឿមកលើការដឹកនាំរបស់បក្ស។
៥-ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ និងគោរពអនុវត្តតាមលក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្សមតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលិកទទួលខុសត្រូវ ៕






















