ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំប្រជុំណែនាំ និងផ្សព្វផ្សាយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ដល់ជនជាប់ឃុំជាប្រធានបន្ទប់ទាំងអស់ និងបានអប់រំជនជាប់ឃុំ ឱ្យចូលរួមសហការ បង្ក្រាបបទល្មើស កុំយកអំណាចជាប្រធានបន្ទប់ ទៅគាបសង្កត់ជនជាប់ឃុំដទៃទៀតនៅក្នុងបន្ទប់ជាមួយ ត្រូវធ្វើខ្លួនជាប្រធានបន្ទប់ល្អ ធ្វើជាអាណាព្យាបាលល្អ ចេះជួយយកអាសាអ្នកដទៃ ជួយអប់រំណែនាំឱ្យសមាជិកក្នុងបន្ទប់ ឱ្យខិតខំកែប្រែខ្លួន ខិតខំរៀនសូត្រ កុំលួចលាក់ប្រព្រឹត្តបទល្មើស កុំប្រើហិង្សាលើអ្នកដទៃ មានអធ្យាស្រ័យល្អ និងចេះសំអាតអនាម័យបរិស្ថានជុំវិញបន្ទប់របស់ខ្លួនរស់នៅ។ មណ្ឌលតែងតែគិតគូរ អំពីសុខមាលភាព ការរស់នៅរបស់ជនជាប់ឃុំ ស្មើភាពគ្នាមិនដែលរើសអើងទេ ហើយការកែប្រែខ្លួនរបស់ទណ្ឌិត គឺជាអត្ថប្រយោជន៍ផ្ទាល់របស់ទណ្ឌិត នៅពេលមានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ការដោះលែងដែលមានលក្ខខណ្ឌជាដើម។
ឯកឧត្តមប្រធានមណ្ឌល សង្ឃឹមថា ជនជាប់ឃុំដែលកែប្រែខ្លួនបានល្អ និងក្លាយទៅជាមនុស្សល្អ កោសិកាល្អ ជួយកសាងប្រទេសជាតិ និងសង្គមគ្រួសារផ្ទាល់ ក្រោយពេលផុតទោស វិលទៅរស់នៅក្នុងសង្គមជាតិវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានមណ្ឌល បានជំរុញ ការងារមួយចំនួនដល់ អនុប្រធានមណ្ឌលទទួលផែន និងប្រធានអគារទាំងអស់ ត្រូវសហការគ្នា ចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើស តាមអគារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តការងារស្របទៅតាមច្បាប់ស្ដីពន្ធនាគារ និងស្របទៅតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមណ្ឌល ប្រធានការិយាល័យ ប្រធានអគារ សរុប២២រូប ៕










