ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត, នាយករដ្ឋបាល បានអញ្ជើញឧបត្ថម្ភឱសថ និងបរិក្ខារមួយចំនួន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះកងពលតូចអន្តរាគមន៍លេខ៦ និងសូមជូនពរសូមឲ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជោគជ័យជូនជាតិមាតុភូមិ។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋបាល ខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់កងពលតូចអន្តរាគមន៍លេខ៦ រួមនិងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ គ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ៕







