ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការរង លោកនាយ និងនាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។
លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ បានអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ដោយរក្សាបានលទ្ធផលល្អ។
លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ បានអានបទបញ្ជា និងសេចក្ដីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Scam។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត សរសើរដល់កងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាល ដែលមានការខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចនៅតាមមូលដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានល្អ និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹង និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង ល្បែងស៊ីសង និងល្បែងអនឡាញ ជាពិសេពង្រឹងស្រាវជ្រាវទីតាំង បង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ត្រួតពិនិត្យ និងបង្ក្រាបការលួចលាក់ ចូលមកស្នាក់នៅ របស់ជនបរទេសខុសច្បាប់ និងបង្ខាំងមនុស្ស ធ្វើទរុណកម្ម និងជំរិតទារប្រាក់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ អាវភ្លៀង ជូនលោកអធិការទាំង៧ សម្រាប់ចែកអោយកម្លាំងប្រើប្រាស់នូវរដូវវស្សានេះដែរ ៕











