ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី២ ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្ដម សាន វិសាល ប្រធានលេខាធិកាដ្ឋានគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួម មានចំនួន ២៥៣រូប ក្នុងនោះសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ មានចំនួន ២៣២រូប។ វគ្គបណ្តុះបណ្តាល មានរយៈពេល ២ថ្ងៃ ដោយមានបទបង្ហាញចំនួន៤ រួមមាន៖ ទី១. ប្រវត្តិគណបក្សប្រជាជនកម្ពុជា, ទី២. លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា, ទី៣. កម្មវិធីនយោបាយ និងគោលនយោបាយគណបក្ស និងទី៤. ការកសាងអត្តចរិក និងសីលធម៌ល្អរបស់សមាជិកគណបក្ស។ ជាលទ្ធផល បានបង្ហាញថា វគ្គអប់រំនយោបាយនេះពិតជាមានសារៈសំខាន់ ដែលសិក្ខាកាម បានបង្កើនចំណេះដឹង ទទួលបានបទពិសោធន៍ល្អៗ ជាពុទ្ធិដ៏មានសារៈសំខាន់សម្រាប់បន្តបំពេញការងារជូនគណបក្សប្រកបដោយភាពខ្លាំងក្លា និងមុះមុត។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ សិក្ខាកាមទាំង ២៣២រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងយកចិត្តទុកដាក់ចូលរៀនក្នុងវគ្គអប់រំនយោបាយកម្រិត១ ដែលជាវគ្គទី២ នាពេលនេះ ដើម្បីលើកកម្ពស់ និងបង្កើនសមត្ថភាព ចំណេះដឹងបន្ថែម អំពីគណបក្ស ព្រមទាំងសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ មន្រ្តីជាន់ខ្ពស់គណបក្ស ដែលជាគ្រូឧទ្ទេសក្នុងការចំណាយពេលវេលាដ៏មានតម្លៃរៀបចំបទបង្ហាញ និងធ្វើបទឧទ្ទេសនាមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពុទ្ធិល្អៗពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា និងពង្រឹងបន្ថែមនូវសមត្ថភាព និងការជឿជាក់កាន់តែច្បាស់ជូនចំពោះសមាជិក សមាជិកា និងយុវជនគណបក្សក្រសួង ដែលជាសិក្ខាកាម ក្នុងរយៈពេល២ថ្ងៃកន្លងនេះ។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនអង្គពិធីទាំងមូលថា តាមរយៈខួបអនុស្សាវរីយ៍លើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បង្ហាញថាសមិទ្ធផលនៃភាពជោគជ័យរបស់គណបក្សក្នុងការដឹកនាំ រយៈពេល ៤៦ឆ្នាំនេះ អាស្រ័យដោយមូលហេតុចម្បង ៦ រួមមាន៖ (១). គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, (២). គណបក្សផ្សាភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស, (៣). គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, (៤). គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, (៥). គណបក្សមានការគិតគូរយ៉ាងមត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និង(៦). គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់ពីគោលជំហរយ៉ាមុះមុត គាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាលសិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ក្នុងឱកាសប្រកបដោយសេចក្ដីសោមនស្សរីករាយនោះ ឯកឧត្តមប្រធាន បានអនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ជូនដល់សមាជិក សមាជិកា និងយុវជនគណបក្ស ដើម្បីឱ្យការអនុវត្តការងារគណបក្សប្រកបដោយប្រសិទ្ធភាព និងធានាបានការបណ្តុះបណ្តាលនេះកាន់តែមានគុណភាព ដូចខាងក្រោម៖
១. សូមសិក្ខាកាមទាំងអស់យកបទឧទ្ទេសនាមនៃវគ្គនេះទៅសិក្សាបន្ថែម និងបន្តការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនចំណេះដឹង និងត្រៀមលក្ខណៈដើម្បីចូលរួមក្នុងវគ្គអប់រំនយោបាយក្រោយៗទៀត។
២. សូមជួយបន្តផ្សព្វផ្សាយអំពីប្រវត្តិរបស់គណបក្ស ពិសេសស្នាដៃរបស់គណបក្សដល់ក្រុមគ្រួសារ និងនៅមូលដ្ឋានជូនដល់ក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស។
៣. ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយទាំងផ្ទាល់ និងទាំងប្រយោលនូវព័ត៌មានពិតប្រាកដ ជាពិសេសកម្មវិធីនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់ព័ត៌មានវិទ្យាដែលជាមធ្យោបាយលឿនរហ័ស ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិ និងក្រុមប្រឆាំង និងវាយបកកម្ចាត់នយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំង ដើម្បីការពារគណបក្ស ការពារអង្គភាពឱ្យបានទាន់ពេលវេលា។
៤. ត្រូវបន្តអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស និងជាពិសេស ក្តាប់ឱ្យជាប់នូវកត្តាជោគជ័យរបស់គណបក្សក្នុងការដឹកនាំ រយៈពេល ៤៦ឆ្នាំ ដែលបានកសាងសមិទ្ធផលធំៗជាច្រើន គឺផ្អែកតាមកត្តាចម្បងៗចំនួន៦ ដូចក្នុងសុន្ទរកថារបស់សម្ដេចតេជោ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។
៥. ត្រូវបន្តនូវស្មារតីស្រឡាញ់ គាំទ្រ និងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងខិតខំអនុវត្តចុះមូលដ្ឋានចិញ្ចឹមចលនាទាំងការងារនយោបាយការងារសតិអារម្មណ៍ និងការងារចាត់តាំង ជាមួយនឹងការកសាងស្នាដៃជាច្រើនជូនបក្ស។
៦. សូមសមាជិក សមាជិកា និងយុវជនគណបក្សទាំងអស់ ក្រោយបានឆ្លងកាត់វគ្គអប់រំនយោបាយគណបក្ស ត្រូវយល់ដឹង និងលើកកម្ពស់គុណតម្លៃនៃសន្តិភាព ពង្រឹងការគោរព ការដឹងគុណគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស អគ្គមគ្គុទេសក៏ឯក, និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានយកជីវិតជាដើមទុនក្នុងការស្វែងរកសន្តិភាព និងឯកភាពជាតិពេញលេញ និងការអភិវឌ្ឍពេញផ្ទៃប្រទេស។
៧. សូមពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស និងបន្តពង្រីកនិងពង្រឹងសមាជិកបក្ស ព្រមទាំងធានាបានថាសមាជិកគណបក្សមួយនាក់ ជាសន្លឹកឆ្នោតជូនគណបក្សមួយសន្លឹក និងសូមបន្តការពារនូវសុខសន្តិភាព និងត្រូវចូលរួមការពារតួអង្គ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារទាំងសន្តិសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន បានអញ្ជើញប្រគល់ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕






































