ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយគណ:កម្មាធិការគណបក្សឃុំដំណាក់រាំង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការសាខាគណបក្សភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ចំនួន ១៤៣រូប (សមាជិកថ្មី ១៣៧នាក់) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដំណាក់រាំង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្ដកំពង់ស្ពឺ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង។
កម្មវិធីនេះប្រារព្ធឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន សមាជិក សមាជិកា គណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅទិសទី ដែលបានធ្វើការស៊ូ និងលះបង់ យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្ដមទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបាន ស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសនេះ គណៈកម្មាធិការគណបក្សឃុំដំណាក់រាំង សហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ក៏បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ក្នុងគណៈកម្មាធិការសាខា គណបក្សភូមិ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ចំនួន ១៤៣នាក់ ស្រី ៦៥នាក់។
ជាមួយគ្នានេះ ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាង ជិតសិ្នទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។
ឯកឧត្តម ឈួរ សុបញ្ញា បានគូសបញ្ជាក់ថា ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែង ឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្ដិសាស្ដ្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិ ឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ, ការកសាងសន្ដិភាព និងការថែរក្សាសន្ដិភាព និងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ៕



















