គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញឱ្យអ្នកផលិតក្នុងស្រុកប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជាថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុក និងកុំឆ្លៀតឱកាសតម្លើងថ្លៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញឱ្យអ្នកផលិតក្នុងស្រុកប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជាថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុក និងកុំឆ្លៀតឱកាសតម្លើងថ្លៃ


ភ្នំពេញ៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញឲ្យអ្នកផលិតក្នុងស្រុកប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជាថៃទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុក និងកុំឆ្លៀតឱកាសតម្លើងថ្លៃផលិតផលរបស់ខ្លួន។ ការលើកឡើងដូចនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផលិតផលភូមិមួយផលិតផលមួយ និងចុះបញ្ជីផលិតផលជលផល នៃគម្រោង CAPFish ជាផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សារ Heritage Walk ខេត្តសៀមរាប។ 


ឯកឧត្តម ផល សុជាតិ បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងផលិតករ សេវាករទាំងអស់មកដល់ពេលនេះមានលទ្ធភាពអាចនិយាយបានជាចំហរថា ផលិតផលក្នុងស្រុកយើងមានការផលិតបានជាច្រើនមុខ ហើយផលិតករគ្រប់ប្រភេទ រាប់ពីលក្ខណៈគ្រួសារ ក្រុមផលិត សហគមន៍ រហូតដល់ក្រុមហ៊ុនសហគ្រាសធុនតូច មធ្យម ឬធំ បានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋានឲ្យទៅជាគ្រឿងឧបភោគ បរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយផ្សេងៗប្រកបដោយគំនិតច្នៃប្រឌិត ជាមួយនឹងការរក្សាបាននូវប្រពៃណីទំនៀមទន្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមក ជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឲ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញ នូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត។


ឯកឧត្តមបានបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផល ជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផលនាពេលដ៏ឆាប់ខាងមុខ ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើមដែលបានខិតខំកែច្នៃផលិតផលប្រកបដោយគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ 


ឯកឧត្តមអគ្គលេខាធិការ ក៏បានអំពាវដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ប្រកាន់យកនូវស្មារតី និងមនសិការជាតិក្នុងការចូលរួមគាំទ្រផលិតផលខ្មែរ ដោយផ្លាស់ប្តូរឥរិយាបទដែលធ្លាប់តែប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃមកប្រើប្រាស់ផលិតផលខ្មែរវិញ ដើម្បីរួមគ្នាជួយលើកតម្កើងកិត្យានុភាពជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពាននៅតាមព្រំដែន និងការគម្រាមផ្សេងៗពីសំណាក់ភាគីថៃជ្រុលនិយម។


ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យអ្នកផលិតក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាពផលិតផល និងពង្រីកកាផលិតរបស់ខ្លួនដើម្បីទាញយកឱកាសនៃវិបត្តិនៅព្រំដែនកម្ពុជាថៃជាការទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការប្រើប្រាស់ផលិតផលនាំចូល និងសុំឲ្យអ្នកផលិតទាំងអស់អស់កុំឆ្លៀតឱកាសនេះតម្លើងថ្លៃផលិតផលរបស់ខ្លួន។


សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយផលិតផលភូមិមួយផលិតផលមួយ និងចុះបញ្ជីផលិតផលជលផល នៃគម្រោង CAPFish ជាផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប និងក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជាមួយក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ៕














































Previous Post Next Post