ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូ១ក្រុម ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ ១នាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់នូវសមាជិកជាទីស្រឡាញ់។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូននាឱកាសនេះ មានលក្ខណៈតិចតួចស្តួចស្តើងក៏ពិតមែន ប៉ុន្តែវាជាកាយវិការដ៏ល្អដែលបង្ហាញពីការចូលរួមចំណែករំលែកនូវទុក្ខលំបាករបស់គ្រួសាររងគ្រោះបានមួយកម្រិតផងដែរ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធសពលោក សន សុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជំរាបជូនផងដែរថា៖ ជនរងគ្រោះឈ្មោះ សន សុន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរនេសាទ មានសមាជិករស់នៅក្នុងបន្ទុក ចំនួន ៥នាក់ បានជួបឧបទ្ទវហេតុស្លាប់ដោយសាររន្ទះបាញ់ កាលពីរសៀលម៉ោង៤ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ។
អំណោយមនុស្សធម៌ ដែលប្រតិភូសាខាបានឧបត្ថម្ភជូនគ្រួសារសពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ទឹកសុទ្ធ ២កេស, ត្រីខ ២យួរ, ទឹកស៊ីអុីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ១,០០០,០០០រៀល ៕












