ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ពុទ្ធ ស៊ីថា ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម តាំង សាមឿន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៦៖២០នាទីរសៀល។
តាងនាមសម្តេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម តាំង សាមឿន អំពីដំណឹងនៃការបាត់បង់លោកជំទាវ ពុទ្ធ ស៊ីថា។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងប្រតិភូទាំងអស់ នៃយុវជនគណបក្សថ្នាក់កណ្តាល បានចាត់ទុកមរណភាពរបស់ លោកជំទាវ ពុទ្ធ ស៊ីថា គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងធ្លាប់មានស្នាដៃចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី យ៉ាងថ្លៃថ្លាក្នុងការចូលរួមបម្រើជាតិមាតុភូមិ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកជំទាវ ពុទ្ធ ស៊ីថា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបី ឃ្លៀងឃ្លាតឡើយ ៕
















