ភ្នំពេញ៖ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២៥ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥។
លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ បានបញ្ជាក់ថា៖ អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈ សរុបចំនួន ១.៨០៥នាក់ ក្នុងនោះនិវត្តជនចំនួន ៨៦០នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៥៤នាក់ ជនពិការចំនួន ២០២នាក់ ជនពលី ៤៤៨នាក់ និងមរណៈចំនួន ២៤១នាក់ ចំណាយថវិកាប្រចាំខែសរុបចំនួន ១,៣០១,៩៧៥,៦៦០៛ (មួយពាន់បីរយមួយលាន ប្រាំបួនរយចិតសិបប្រាំពាន់ ប្រាំមួយរយហុកសិបរៀលគត់) ដែលកំពុងបើកប្រាក់របបគោលនយោបាយប្រចាំខែជារៀងរាល់ខែ, ផ្ដល់រទេះរុញចល័តជូនជនមានពិការភាពចំនួន ៥៥៦នាក់ ស្រី ៣២០នាក់ ដោយមានជនមានពិការភាព មានអ្នកមកទទួលសេវាថ្មីសរុបចំនួន ៤៧៩នាក់ ស្រី ២៩២នាក់។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មានសមាជិកសរុប ចំនួន ១.៤០៣នាក់ ក្នុងនោះមាន៖ ពិការចំនួន ២០៤នាក់, គ្រួសារពលី ចំនួន ២៥០នាក់, គ្រួសារមរណៈចំនួន ៤៧នាក់, និវត្តជនចំនួន ៨៥១នាក់ និងបាត់បង់សមត្ថភាពចំនួន ៥១នាក់។
ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឱ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់។ ដូច្នេះយើងទាំងអស់គ្នា សុទ្ធតែបានយល់យ៉ាងច្បាស់ ចំពោះការលះបង់បូជា និងគំរូវីរៈភាពក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា និងបានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឱ្យបានជាប់ជាប្រចាំ ជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជន ឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ៕













