ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយនិសិ្សតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ចំនួន ៤៤រូប និងនិស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ០២រូប សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងជួបសម្តែងការគួរសមដើម្បីទទួលនូវអនុសាសន៍ណែនាំ និងបទពិសោធន៍ដ៏ល្អនានាពី ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ជាគន្លឹះទទួលបានភាពជោគជ័យក្នុងការសិក្សានៅក្រៅប្រទេស ដើម្បីជាពុទ្ធិបន្ថែមក្នុងការបន្តចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយ វិបុលភាព ចីរភាព និងបរិយាប័ន្ន ក្រោមម្លប់ស្ថិរភាព និងសុខសន្តិភាព មុននឹងធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសកូរ៉េ និងប្រទេសជប៉ុនក្នុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតអាហារូបករណ៍ទាំងអស់ ដែលទៅសិក្សាក្នុងជំនាញផ្សេងៗគ្នា ក្នុងនោះមានដូចជាជំនាញវិស្វកម្មបរិស្ថាន វិស្វកម្មវត្ថុធាតុដើម វិស្វកម្មគីមី និងវិទ្យាសាស្ត្រអាហារ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មធនធានទឹក វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច សុខភាពសាធារណៈ សុខុមាលភាពសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រកុំព្យូទ័រ គីមីវិទ្យា ទេសចរណ៍ អក្សរសាស្ត្រកូរ៉េ ប្រព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ ស្ថាបត្យកម្ម គ្រប់គ្រងធុរកិច្ច និងធនធានរ៉ែ អក្សរសាស្ត្រអង់គ្លេស ជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ៕




















