ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្សដោយរំលោភអនុសញ្ញាទីក្រុងអូតាវ៉ា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្សដោយរំលោភអនុសញ្ញាទីក្រុងអូតាវ៉ា


ភ្នំពេញ៖ តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី២១ ខែកក្កដារាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងអហង្ការនូវរាល់ការលើកឡើងថា កម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងអូតាវ៉ា។ ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពមីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។


ទន្ទឹមនឹងនេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា ហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់ គឺបានកើតឡើងក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជា ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះ ដោយរំលោភលើអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឱ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់កំណត់ខ្សែព្រំដែនរួច។ 


ក្រសួងការបរទេសកម្ពុជា បានបន្តថា ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះបន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយ ឆ្លងកាត់លើទឹកដីកម្ពុជា។ នេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ ដែលថៃបានដាក់ចេញបទប្បញ្ញត្តិសម្រាប់ភ្ញៀវទេសចរ និងអ្នកធម្មយាត្រាចូលទៅប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាសដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។ 


សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍បដិសេធរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងក្រោយក្រសួងការបរទេសថៃ នៅថ្ងៃទី២០ខែកក្កដា បានចេញសេចក្ដីថ្លែងការណ៍ថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជា ថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ាដែលបានបណ្ដាលឱ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ ៕





Previous Post Next Post