ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងទាំងពីរជាច្រើនរូប ដើម្បីពិភាក្សាលើភារកិច្ចស្នូលមួយចំនួនដែលមិនទាន់ឯកភាពគ្នា ដូចជា ការងារគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់ ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួងទាំងពីរ កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ហើយឈានទៅរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ ៕












