ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្តារឡើងវិញ នៅកំណើតផលត្រី ពិសេស នៅឆ្នាំ២០២៥ នេះ កំណើតផលត្រី ក្នុងខេត្តស្ទឹងត្រែង មានការកើនឡើងគួរឱ្យកត់សម្គាល់។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលជលផល បាន ប្រារព្ធពិធី ទិវាមច្ឆជាតិ ០១ កក្កដា ដែល រាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំ។ ការរៀបចំធ្វើទិវាមច្ឆជាតិនេះ ឡើងគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការ អាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។
នៅពិធី ទិវា មច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២៥នេះ បានធ្វើឡើងស្ថិតនៅស្ថានីយ៍ទំនប់វារីអគ្គិសនីសេសាន ក្រោម២ ក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានលើកឡើងថាមកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និង កន្លែងនេសាទបម្រុងមានចំនួនសរុប ៧៥កន្លែង ក្នុងនោះរួមមាន អន្លង់ អភិរក្ស សត្វផ្សោត ចំនួន ០៣កន្លែង និងអន្លង់អភិរក្ស ត្រី មេពូជ សហគមន៍ ចំនួន ៧៥កន្លែង។
លោកប្រធានមន្ទីរបន្ថែមថា សម្រាប់ រនៈសម្បត្តិ មានជីវិត គឺ សត្វ ផ្សោត ទឹកសាប នៅខេត្តស្ទឹងត្រែង គិតមក ត្រឹមខែកក្កដា ឆ្នាំ២០២៥ គឺ មានចំនួនប្រមាណ ២៥-៣០ក្បាល។ ក្រៅពីនេះ ខេត្តស្ទឹងត្រែង គឺនៅមានធនធានជលផលកម្រៗមួយចំនួនទៀត ដែលនៅមានវត្តមាន ដូចជា ត្រី បបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាសាណាក់ ជាដើម ផងដែរ។
លោក ទុំ នីរ៉ូ បានបន្តថា ពិធីទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំនេះ កូន ត្រី ចម្រុះ ចំនួនជាង ១០ម៉ឺនក្បាល និងត្រីមេពូជ ចំនួន ១៣០គីឡូក្រាមរួមមាន កូនត្រីឆ្ពិន ចំនួន ៦ម៉ឺនក្បាល កូន ត្រីប្រា ចំនួន ២ម៉ឺនក្បាល និងកូនត្រីពោធិ៍ ចំនួន ២ម៉ឺនក្បាល និងត្រីមេពូជ ចំនួន ១៣០គីឡូក្រាម។ ដើម្បីបង្កើនផលស្តុកធម្មជាតិក្នុងតំបន់ទំនប់វារី អគ្គិសនីសេសានក្រោម២ ឱ្យសំបូរហូរហៀរ ឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។
ថ្លែងក្នុងពិធី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ក្នុងនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គភាព ពាក់ព័ន្ធ ពិសេសមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែង ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីរួមគ្នា ដើម្បីសម្រេចគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបការ បទល្មើសនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ សំដៅពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ត្រូវបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងស្តារឡើងវិញ នៅកំណើតផលត្រី ពិសេសនៅឆ្នាំ២០២៥នេះ កំណើតផលត្រី ក្នុងខេត្តស្ទឹងត្រែង មានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមការអធ្យាស្រ័យដល់ ប្រជាពលរដ្ឋ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៥ ដែលអាចប៉ះពាល់ ដល់ការប្រមូលផលត្រី របស់បងប្អូន អ្នកនេសាទយើង ដោយមានវិធានការ តឹងរឹង នៅរដូវបិទនេសាទនេះ ក្នុងគោលបំណង់ ពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ៕









