ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលជាវីរកងទ័ពបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបាន លះបង់ធ្វើពលិកម្មសព្វបែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត ការពារអធិបតេយ្យភាព បូរណភាពដែនដី ដើម្បីធានាថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្នុងសមរភូមិមុខរហូតដល់ថ្ងៃអវសាននៃជីវិត។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕











