ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកម្មវិធីស្តីពី ការបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើដង ផ្លូវកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំដោយ សហភាពសព័ន្ធយុវជនកម្ពុជា សហព័ន្ធកីឡាយានយន្តកម្ពុជា និង Cambodia Car Cultures។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ផ្សព្វផ្សាយពី សុវត្ថិភាពដងផ្លូវកម្ពុជាជាផ្លូវការ និងបង្កើនការយល់ដឹងស្តីពីច្បាប់ចររាចរណ៍ផ្លូវគោក ទៅដល់យុវជន និងយុវនារីទាំងឡាយ ដែលប្រើប្រាស់ យានយន្តគ្រប់ប្រភេទបើកបរនៅលើដងវិថី តាមរយៈប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពសិក្ខាសាលាតាម សាលានានា អោយមានការយល់ដឹងបន្ថែមទៅលើ ការបើកបរ ច្បាប់ចរាចរណ៍ ហើយក៏ដើម្បីជាការពញ្ញាក់ ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ៕
















