ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ នៃស្រុកសាមគ្គីមានជ័យ សរុបចំនួន ៣៣០រូប នៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធី ដែលក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធាន អនុប្រធាន សមាជិក សមាជិកាភូមិ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យរួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពទូទៅនៅក្នុងស្រុកសាមគ្គីមានជ័យ ដែលមានសភាពជាប្រក្រតី ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ អង្គពិធីទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍សំណេះសំណាលដោយបានលើកឡើងអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅនៅតាមខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ថៃ ជាពិសេស ស្ថានភាពនៃភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរកម្ពុជា ទល់នឹងទង្វើឈ្លានពានពីកងទ័ពថៃ មកលើបូរណភាពទឹកដី និងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដោយកងកម្លាំងកម្ពុជា មានប្រៀបនៅគ្រប់សមរភូមិ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ចាក់ថា ក្នុងសម័យកាល តេជោ-ធិបតី ប្រទេសកម្ពុជា មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធតបត ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដោយប្រដាប់អាវុធផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្ដរក្សាសាមគ្គីភាព ឯកភាព ព្រមទាំងគាំទ្រ និងជឿជាក់លើការសម្រេចចិត្ត និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ។
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានប្រកាសថ្កោលទោសចំពោះ ការឈ្លានពានរបស់ថៃ ដែលបានបើក ការវាយប្រហារដោយគិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ៕



















