ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី២ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ គ្រូឧទ្ទេស និងសិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហម ជំនាន់ទី១ និងជំនាន់ទី២។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ក្នុងនាមជាតំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសេចក្តីនឹករលឹកការផ្តាំផ្ញើសួរសុខទុក្ខដល់អង្គពិធីទាំងមូល និងលិខិតថ្លែងអំណរគុណ ព្រមទាំងថវិកាទ្រទ្រង់សាលា។
ជាមួយគ្នានេះដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម ដែលតែងផ្តល់កិច្ចសហការល្អ ជាមួយសាលាភូមិន្ទរដ្ឋបាល ក្នុងរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីកាកបាទក្រហម ជំនាន់ទី១ ឆ្នាំ២០២៤ ដោយជោគជ័យ និងសហការរៀបចំវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង វិធីសាស្ត្រ និងឥរិយាបថការងារផ្អែកលើជំនាញរដ្ឋបាលធារណៈ ជូនមន្ត្រីកាកបាទក្រហមកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជាទាំងជំនាន់ទី១ និងជំនាន់ទី២ ត្រូវបានរៀបចំឡើងគាំទ្រដល់ការបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ប្រកបដោយវិន័យ គុណភាព គុណធម៌ និងសមត្ថភាព វិជ្ជាជីវៈខ្ពស់ ក្នុងក្របខណ្ឌអភិបាលកិច្ចនិងបរិវត្តកម្មរដ្ឋបាលសាធារណៈ ដើម្បីធានាបានថារាល់ការបំពេញបេសកកម្មដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព បរិយាបន្ន និងអាចព្យាករណ៍បាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរចំពោជ័យលាភីមន្ត្រីកាកបាទក្រហមកម្ពុជា ទាំង ៤៨នាក់ ដែលបានទទួលលទ្ធផលជាប់ជាស្ថាពរ និងត្រូវទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សានាពេលនេះ។ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះសិក្ខាកាមមន្ត្រីកាកបាទក្រហមថ្មី ទាំង៧០នាក់ ដែលត្រូវបានចាត់តាំងមកទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ របស់សាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃនេះទៅ។
លើសពីនេះ ឯកឧត្តមបានសម្តែងការជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមដែលចូលរួមទទួលការបណ្តុះបណ្តាលនេះ អនុលោមតាមគោលការណ៍ដែលបានកំណត់ ដើម្បីទទួលបានគុណភាពសិក្សា សម្រាប់ជាប្រយោជន៍ដល់ការពង្រឹងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ៕























