ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់គណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោក លោកស្រី ថ្នាក់ដឹកនាំ និងគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការលទ្ធកម្មក្រសួងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងមានប្រសិទ្ធភាព ស្របតាមស្ដង់ដានីតិវិធីប្រតិបត្តិរបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវលទ្ធផលដែលប្រកបដោយគុណភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅការងារ ជូនដល់គណៈកម្មាធិការលទ្ធកម្មក្រសួង ដើម្បីយកទៅអនុវត្តបន្ដឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍នៃកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ៕




















