ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពីតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលមានលោក លោកស្រី ស្នងការរង អញ្ជើញជាគណៈអធិបតី នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក និងគ្រូឧទ្ទេស អញ្ជើញចូលរួម សិក្ខាកាមមកពីបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំនួន៨៦នាក់ ស្រី១៨នាក់ ចូលរួមសិក្សា រយ:ពេល ២សប្តាហ៍ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប។
បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងស្តាប់របាយការណ៍ក្នុងវគ្គសិក្សា ពីលោកវរសេនីយ៍ឯក កៅ ឡុក នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត
បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍សង្គមបច្ចុប្បន្ន និងបានកោតសរសើរចំពោះអង្គភាពពាក់ព័ន្ធដែលបានខិតខំបង្កើតវគ្គសិក្សារៀនសូត្រជាបន្តបន្ទាប់។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងក្រេបយកនូវចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ដើម្បីបង្កើននូវចំណេះដឹង និងសមត្ថភាពជំនាញ ត្រូវមានអាកប្បកិរិយាថ្លៃថ្នូរ ក្រមសីលធម៌ល្អ សុភាពរាបសា មុឺងម៉ាត់ គោរពឱ្យបានភ្ជាប់ខ្ជួននូវបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អង្គភាព ត្រូវខិតខំជាបន្តទៀតក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អជូនប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជារក្សាការពារខឿនសន្តិភាព ដែនអធិបតេយ្យភាពជាតិ ព្រំដែនកម្ពុជា និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងប្រឆាំងដាច់ខាតគោលបំណង សកម្មភាពបដិវត្តន៍ពណ៌ មិនឱ្យមានលើទឹកដីភូមិសាស្ត្រទទួលខុសត្រូវ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងវគ្គសិក្សាទាំងមូល និងបានជូនពរដល់សមាជិក សមាជិកាក្នុងអង្គពិធីទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ៗភារកិច្ច និងជូនពរដល់សិក្ខាកាមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងវគ្គសិក្សាគ្រប់ៗគ្នាផងដែរ ៕


















